ខ្មែរនៅអាមេរិកនាំគ្នាធ្វើញត្តិទៅអ.ស.ប.និងប្រធានាធិបតីអាមេរិកពីបញ្ហាព្រះវិហារ
បញ្ហាជម្លោះជាមួយថៃព្រោះតែថៃបញ្ជូនទ័ពចូលមកកាន់កាប់ដែនដី ខ្មែរ ដោយប្រកាន់ថាជាតំបន់ប្រទាញប្រទង់ឬតំបន់សឬតំបន់ចម្រូងចម្រាស ត្រួតលើគ្នាអីគេនោះ បាននាំឲ្យខ្មែរនៅឯនាយសមុទ្រសម្តែងការក្តៅក្រហាយនឹងអំពើឈ្លានពាន នេះរបស់ថៃ។
ប្រាសាទព្រះវិហារខ្មែរ នៅលើកំពូលភ្នំដងរែក នៃខេត្តព្រះវិហារ។
នៅឯរដ្ឋវ៉ាស៊ីនតោន សហគមន៍អភិវឌ្ឍន៍ខ្មែររួមជាមួយបងប្អូនរួមជាតិខ្មែរដទៃទៀត បានផ្តួចផ្តើមគំនិតធ្វើញត្តិជូនដល់ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ (អ.ស.ប.) ដល់ប្រធានាធិបតីអាមេរិកនិងដល់មេដឹកនាំនៃប្រទេសកម្ពុជា។
លោក ខេវិន ក្តឹប អនុប្រធានសហគមន៍អភិវឌ្ឍន៍ខ្មែរនៅក្រុងតាកូម៉ា មានប្រសាសន៍ ៖ «ក្នុងនាម ប្រជាជនខ្មែរទាំងអស់ ទាំងក្រៅនិងក្នុងប្រទេស គឺថា យើងចង់ធ្វើជារួមជាញត្តិរួម ដើម្បីប្ដឹងទៅអង្គការសហប្រជាជាតិ ផ្នែកខាងក្រុមប្រឹក្សាសន្តិសុខ ដើម្បីឲ្យលោកជួយធ្វើអន្តរាគមន៍នៅក្នុងបញ្ហាជម្លោះខ្មែរនិងថៃ ជាពិសេស ផ្តោតទៅលើការចូលឈ្លានពានរបស់ថៃ មកលើដីខ្មែរយើងហ្នឹង។ យើងភ័យខ្លាច ខ្លាចមានការបង្ហូរឈាមដល់ប្រជាពលរដ្ឋ ដែលអត់ដឹងអីសោះនោះ ជាពិសេសខ្មែរយើង នៅទន់ខ្សោយនៅឡើយ ផ្នែកសេដ្ឋកិច្ចក្ដី យោធាក្ដី គឺថា យើងនៅចាញ់ប្រៀបធៀបគេ។ ដូច្នេះ យើងអត់ចង់ទេ យើងឆ្លងកាត់សង្រ្គាមច្រើនឆ្នាំហើយ យើងមិនចង់ឆ្លងកាត់ទៀតទេ»។
កាលពីថ្ងៃសុក្រ សហគមន៍ខ្មែរឯនាយសមុទ្រ បានជួបជុំគ្នាសម្រេចថាក្រៅពីធ្វើញត្តិថ្នាក់អន្តរជាតិ ដោយមានដាក់ញត្តិលើប្រព័ន្ធអ៊ិនថឹណិត ដែលនឹងអនុញ្ញាតឲ្យខ្មែរនៅគ្រប់ប្រទេសក្នុងពិភពលោក អាចចូលរួមចុះហត្ថលេខាបានហើយ ក៏នឹងមានការប្រារព្ធពិធីរៃអង្គាសបច័្ចយយកប្រាក់ទៅជួយឧបត្ថម្ភ ពលរដ្ឋរងគ្រោះដោយសារការឈ្លានពានរបស់ទាហានសៀមនិងជួយផ្គង់ផ្គង់លើក ទឹកចិត្តដល់យោធាខ្មែរនៅជាយដែនផង។
លោក ខេវិន សុំឲ្យខ្មែរប្រួតដៃគ្នាប្រើសិទ្ធិក្នុងការតវ៉ាប្រឆាំងអំពើឈ្លានពានតាមផ្លូវច្បាប់ ៖ «ឆ្លៀត ឱកាសនេះ ដើម្បីអំពាវនាវដល់បងប្អូនខ្មែរ ជនរួមជាតិទាំងអស់គ្រប់រូប ក្នុងនិងក្រៅប្រទេស។ សូម្បីមេត្តាជួយក្រោកឈរនិងការជួយរួបរួមសាមគ្គីគ្នាឡើង ព្រោះនេះ ជាឱកាសមួយ ដែលយើងត្រូវបង្ហាញឆន្ទៈយើងជាខ្មែរ។ មិនមែនថា អស់លោកបាននៅសុខស្រួលដល់ប្រទេសក្រៅហើយ មិនគួរអើពើដល់ប្រទេសជាតិយើងទេ ព្រោះថា វាជាអត្តសញ្ញាណរបស់យើង ដែលជាខ្មែរ កុំឲ្យគេមើលងាយ ព្រោះកន្លងមក ក្នុងប្រវត្តិសាស្រ្តហ្នឹង វាមានការច្របូកច្របល់ ដោយសារយើងអី? ដោយសារយើងមិនតតាំង មានចរិតស្លូតបូត ដូច្នេះយើងគួរតែបង្ហាញពីឆន្ទៈរបស់យើងនិងសិទ្ធិរបស់យើង ដែលយើងអាចប្រើបាន។ ឥឡូវនេះ គឺថា យើងត្រូវតែធ្វើតាមផ្លូវច្បាប់»។
ក្រៅពីនេះ តំណាងសហគមន៍ខ្មែរក្រុងតាកូម៉ា រដ្ឋវ៉ាស៊ីនតោន ក៏អំពាវនាវឲ្យខ្មែរងាកមកប្រើគ្រឿងឧបភោគបរិភោគដែលខ្មែរអាចផលិត បានដោយខ្លួនឯង គឺមានចិត្តជាតិនិយមឈប់ទិញអីវ៉ាន់ថៃ ៖ «ទំនិញ ចេញពីថៃហ្នឹង រដ្ឋាភិបាលគួរតែគិតពីរឿងហ្នឹងដែរ បើសិនជាយើងជាខ្មែរ ជាពិសេសទំនិញកសិកម្ម ផលិតផលផ្សេងៗដែលយើងអាចផលិតបាននៅស្រុកខ្មែរហ្នឹង គួរតែយើងយកមកគិតសាថ្មីម្ដងទៀតថា យើងគួរតែប្រើទំនិញនៅក្នុងស្រុករបស់យើង នាំគ្នាជួយដល់សេដ្ឋកិច្ចរបស់យើង ហើយជួយបង្កើនការងារដល់បងប្អូនខ្មែរយើងដែរ។ យើងមានលទ្ធភាព យើងមានធនធានអាចធ្វើបាន ដូច្នេះ យើងមិនគួរទិញទំនិញរបស់គេ ចូលមកទេ ដូច្នេះ រដ្ឋាភិបាល លោកគួរគិតផ្នែកហ្នឹងដែរ ហើយប្រជាជនខ្មែរយើងក៏គួរគិតដែរ ដូចជាដំណាំស្រួលបំផុត ដូចជាជីរឬក៏ស្លឹកគ្រៃអីហ្នឹង យើងដាំដុះខ្លួនឯងបាន គួរតែធ្វើខ្លួនឯងនេះជាមោទនភាព ក្នុងមោទនភាពជាតិខ្មែរ»៕